ភាគច្រើននៃបណ្ដាខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា
ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាវស្សន្តរដូវនោះ
ផ្ទៃដីទាំងឡាយគឺជាវាលស្រែ ដែលមាន ពណ៌បៃតងស្រស់
រួចប្រែក្លាយជាពណ៌មាសនៅពេលដែលស្រូវទុំ។
ប៉ុន្តែនៅឯខេត្តមណ្ឌលគិរី នាភាគឥសានប្រទេស
កម្រាលព្រំពណ៌បៃតងនោះគឺជាវាលស្មៅ និងព្រៃឈើ
ហើយវាស្ទើរតែមានគ្រប់រដូវកាលដែលលាតសន្ធឹងនៅលើខ្ពង់រាប
ជ្រលងភ្នំទាំងឡាយ ។ គយគន់មើលទេសភាពនៅជុំវិញនោះ គឺវាមាន
សណ្ឋានដូចទីលានវាយកូនគោលដ៏ប្រកបដោយពណ៌បៃតងស្រស់។
ជំនោរខ្យល់បក់មកលើវាលស្មៅទាំងនោះមើលទៅមានចលនាដូចជារលកទឹក
សមុទ្រ ហើយរសាត់អណ្ដែតទៅជាប់នឹងជើងមេឃ។
អ្នកទេសចរជាច្រើនបានប្រដូចទេសភាពខេត្តមណ្ឌលគិរី
ទៅនឹងប្រទេសញូហ្សឺលែនដ៍ ឬអូស្ត្រាលី។
ប្រសិនបើលោកអ្នកមានបំណងចង់ជម្រុះចោលនូវភាពស្មុគស្មាញតប់ប្រមល់
ដោយសភាពកកកុញ នៃទីក្រុងនោះ សូមជ្រើសយកទី១ គឺខេត្តមណ្ឌលគិរី
វាពិតជាគោលដៅទស្សនាចរលំហែកាយដ៏ប្រសើរ។
ទីរួមខេត្តនោះឈ្មោះក្រុងសែនមនោរម្យ ហើយថ្មីៗ
នេះមានសណ្ឋាគារធំៗកម្រិតលុចសារីជាងមួយរយបន្ទប់បានបើកទ្វារចាំ
ទទួលភ្ញៀវទេសចរ។

No comments:
Post a Comment